ស្វាយរៀង៖ការដេញថ្លៃផ្តាច់មុខ ! ការដេញថ្លៃក្រុមហ៊ុនជាប់មុខដដែលៗ ត្រូវបានផ្ទុះឡើងជុំវិញគម្រោងសាងសង់ស្ថានីយចម្រោះទឹកកខ្វក់ ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង ក្រោមឥណទានរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅថា អេឌីប៊ី ( ADB ) ដែលមានលោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការនិងដឹកជញ្ជូន ជានាយកគម្រោង។
មជ្ឈដ្ឋានមួយចំនួនលើកឡើងថា តើក្រុមហ៊ុន ប៉េកាំង អបាន ខនស្ត្រាក់សិន គ្រុប ( Beijing Urban Construction Group Co., Ltd ) ហៅកាត់ថា BUCG «ទាយ» ជ័យជម្នះរបស់ខ្លួនមុនលទ្ធផលផ្លូវ ការបានដោយរបៀបណា ? ។
លទ្ធផលនៃការដេញថ្លៃថ្មីៗនេះ សម្រាប់គម្រោងសាងសង់ស្ថានីយចម្រោះទឹកកខ្វក់ បណ្តាញលូទឹក កខ្វក់ និង ទឹកភ្លៀង បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងលើ តម្លាភាព និង និរន្តភាព នៅក្នុងវិស័យសំណង់។
ភស្តុតាងដែលគេទទួលបានដោយការបោះពុម្ភផ្សាយមួយ បានបង្ហាញថា កិច្ចសន្យា ដែលមានតម្លៃ ប្រហែល៣០លានដុល្លារអាម៉េរិក ត្រូវបានផ្តល់ទៅឱ្យ ក្រុមហ៊ុន BUCG ដែលមិនមែនជាក្រុមហ៊ុន ដែលមានតម្លៃថោកជាងគេ ដោយគ្មានហេតុផលគ្រប់ជ្រុងជ្រោយ និង តម្លាភាពនោះឡើយ ។
កាន់តែមានភាពងឿងឆ្ងល់លើសពីនេះ គឺ ក្រុមហ៊ុន BUCG បានចេញសេចក្តីប្រកាសព័ត៌មានដដែលៗថា «អបអរសាទរ» លើជ័យជម្នះរបស់ខ្លួនក្នុងរយៈពេលមួយខែមុនពេលការប្រកាសជូនដំណឹងជាផ្លូវការ ត្រូវបានផ្សព្វផ្សាយជាសាធារណៈ។
ជុំវិញករណីខាងលើនេះ មជ្ឈដ្ឋានមួយចំនួនមានចម្ងល់ថា ៖
ទី១ ៖ កំហុសដែលអាចកើតមានក្នុងដំណើរការដេញថ្លៃ និង វាយតម្លៃ ? តាមគោលការណ៍លទ្ធកម្ម សាធារណៈ និង ឯកសារដេញថ្លៃរបស់គម្រោង កិច្ចសន្យាគួរតែត្រូវបានប្រគល់ជូន «អ្នកដេញថ្លៃតម្លៃទាបបំផុត»។ ប្រសិនបើមានការព្រួយបារម្ភអំពីអ្នកដេញថ្លៃតម្លៃទាបគឺ ម្ចាស់គម្រោង (នាយកគម្រោង) ត្រូវស្នើសុំការបំភ្លឺជា លាយលក្ខណ៍អក្សរ ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនដេញថ្លៃអាទិភាពបំផុតបានសង្កត់ប្រាប់ថា «ចាប់តាំងពីការដាក់ស្នើនៅ ខែតុលា ឆ្នាំ២០២៤ ដល់ការបដិសេធ ក្នុងខែមេសា ឆ្នាំ២០២៥ ក្រុមហ៊ុនមិនដែលបានទទួល ការសាកសួរពីភាគីម្ចាស់គម្រោងនោះឡើយ»។ ផ្ទុយទៅវិញ បែរក្រុមហ៊ុនដេញថ្លៃឈ្មោះ BUCG ដែលមិនមែនជាក្រុមហ៊ុនអាទិភាពតម្លៃទាបបំផុតបានឈ្នះដោយគ្មានការពន្យល់ជាក់លាក់ណាមួយឡើយ ។
ក្រុមហ៊ុនដេញថ្លៃអន្តរជាតិមួយបានលើកឡើង «សំណួរចំនួន៣» ថា តើស្តង់ដារ សម្រាប់តម្លាភាពក្នុងការវាយតម្លៃការដេញថ្លៃមានឬអត់ ? តើមានចន្លោះប្រហោងក្នុងដំណើរការដេញថ្លៃក្នុងការវាយតម្លៃ ដែរឬទេ ? ថា តើ គណៈកម្មការត្រួតពិនិត្យការងារលទ្ធកម្ម របស់គម្រោង និងធនាគារអភិវឌ្ឍន៍អាស៊ី ( ADB ) មានភាពច្បាស់លាស់ក្នុងការវាយតម្លៃដែរឬទេ ? ។
ចំណែកចម្ងល់ទី២ ៖ «អំណាចនៃការយល់ដឹង» របស់ ក្រុមហ៊ុន BUCG មជ្ឈដ្ឋានមួយចំនួន រក ឃើញថា ក្រុមហ៊ុនប៉េកាំង អបាន ខនស្ត្រាក់សិន គ្រុប ( Beijing Urban Construction Group Co., Ltd ) ហៅកាត់ថា BUCG បានចេញសេចក្តីប្រកាសព័ត៌មាន «ការដេញថ្លៃដោយជោគជ័យ» នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួន និងនៅក្នុង សារព័ត៌មានពាណិជ្ជកម្ម នៅដើមខែកុម្ភៈ ឆ្នាំ២០២៥ ពោលគឺ ច្រើនជាងមួយខែមុនពេលការជូនដំណឹងជាផ្លូវការ។
សេចក្តីប្រកាសព័ត៌មាន ឈ្នះៗស្រដៀងគ្នាជាបន្តបន្ទាប់ ត្រូវបានចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បន្ថែមទៀត។
អ្នកជំនាញបច្ចេកទេសលទ្ធកម្មម្នាក់បានធ្វើការអត្ថាធិប្បាយ ថា នេះជាការបំពានយ៉ាងធ្ងន់ធ្ងរលើ ក្រមសីលធម៌ នៃលទ្ធកម្ម ។ គោលការណ៍រក្សាការសម្ងាត់លើការងារវាយតម្លៃលទ្ធកម្ម ត្រូវមានភាពតឹងរឹង និងសម្ងាត់បំផុត មុនពេលលទ្ធផលចេញជាផ្លូវការត្រូវបាន ផ្សព្វផ្សាយជាសាធារណ: ហើយវាមិនអាចទៅរួច ដែលក្រុមហ៊ុនដេញថ្លៃមួយនេះអាចដឹងពីលទ្ធផលមុននោះទេ លុះត្រាតែមានការលេចធ្លាយ ព័ត៌មាន ឬ ការគប់គិតគ្នាជាមុន ជាមួយមន្ត្រីជាន់ខ្ពស់ក្នុងគម្រោងនេះ ឬ នាយកគម្រោងផ្ទាល់ក៏អាចថាបានដែរ ។
ទីប្រឹក្សាបច្ចេកទេសលទ្ធកម្មម្នាក់បានកត់សម្គាល់ថា នេះជាការចងមុងដេញថ្លៃ ដែលមិនបើកឱកាស ឱ្យមានការប្រកួតប្រជែងជាក់លាក់ និង ចំហជាសាធារណ: ដោយសារក្រុមហ៊ុនមិនបានទទួលយក ព័ត៌មាន ឬ ការបំភ្លឺណាមួយពី គម្រោង និងខុសទៅនឹងនីតិវិធីលទ្ធកម្ម ដែលបិទមិនឲ្យមានបណ្តឹងតវ៉ានៅក្នុងឯកសារដេញថ្លៃ ។
តើចាំបាច់មានសៀវភៅណែនាំពី លទ្ធកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ( PROCUREMENT REGULATIONS FOR ADB BORROWERS) ធ្វើអ្វី ? ។ លើសពីនេះ អ្នកម៉ៅការអន្តរជាតិមួយចំនួនបានបង្ហាញពីការព្រួយបារម្ភរបស់ពួកគេដែលមានបំណងចង់ផ្តល់ ថា បច្ចេកវិទ្យាល្អបំផុតជាមួយនឹង តម្លៃទាបបំផុត ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា តែបែរជាបុគ្គលមួយចំនួនតូចយកផល ប្រយោជន៍ផ្ទាល់ខ្លួនជាធំ តាមរយ:ការទទួលលុយកខ្វក់ដើម្បីផ្តល់កិច្ចសន្យាសាងសង់ដោយមិនគិតពី តម្លាភាព និង និរន្តភាព ។
ប្រភពព័ត៌មាន បានមកព័ត៌មានជាសាធារណៈ និងច្រើនប្រភពនឹងរង់ចាំការបំភ្លឺពី គ្រប់ភាគីពាក់ព័ន្ធ ដែលអាចទទួលយកបាន ។
ជុំវិញករណីខាងលើនេះលោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និង ជានាយកគម្រោង និងក្រុមហ៊ុនប៉េកាំង អបាន ខនស្ត្រាក់សិន គ្រុប ( Beijing Urban Construction Group Co., Ltd ) ហៅកាត់ថា BUCG កាលពីល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ អង្គភាពសារព័ត៌មានយើងមិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេ ជុំវិញភាពមិនប្រក្រតីខាងលើ នេះ។
គួរបញ្ជាក់ផងដែរថា រយៈពេល៥ឆ្នាំ កន្លងមកនេះ ក្រុមហ៊ុន BUCG បានឈ្នះការដេញថ្លៃជាច្រើនដងសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធពី នាយកគម្រោង ខាងលើនេះ ។ បើកើតមានឡើងករណីវិវាទ យ៉ាងដូច្នេះ គឺមានតែក្រុមការងារអធិការកិច្ច ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះធ្វើសវនកម្មផ្ទៃ ក្នុង ដើម្បីរកភាពយុត្តិធម៌ជូនក្រុមហ៊ុននានាដែលបានចូលរួមដេញថ្លៃ៕