បាត់ដំបង៖អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានចេញសេចក្ដីថ្លែងការណ៍ ពាក់ព័ន្ធការអនុវត្តច្បាប់ដោយឃុំខ្លួនបុរសម្នាក់ ក្រោយឆបោកលុយពីស្ដ្រីអនិកជនខ្មែរ រស់នៅអាមេរិក សរុបជាង១៦ម៉ឺនដុល្លារ។
សេចក្ដីថ្លែងការណ៍នេះ
ឆ្លើយជុំវិញការចោទប្រកាន់លើបណ្ដាញសង្គម ដោយអះអាងថា
ក្រុមគ្រួសាររបស់គេរងនូវអយុត្តិធម៌
ដោយសារតុលាការបានឃុំខ្លួនសមាជិកគ្រួសារម្នាក់ទាំងដែលមិនបានប្រព្រឹត្តកំហុស។
យ៉ាងណាក៏ដោយ តាមសេចក្ដីថ្លែងការណ៍ដដែលនេះ
បានបកស្រាយថា ការឃុំខ្លួនឈ្មោះ ទោម សិទ្ធី (ជនជាប់ចោទ) ដោយផ្អែកទៅតាមភស្ដុតាង
និងការចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់ជនរងគ្រោះឈ្មោះ ផាន បូផា។
ហេតុដូច្នេះហើយទើបសាលាដំបូងខេត្តបាត់ដំបង បានដំណើររឿងក្ដីនេះតាមនីតិវិធីរហូតដល់ចប់ និងបានចេញសាលក្រមសម្រេចផ្ដន្ទាទោសជនជាប់ចោទតាមច្បាប់ និងបង្គាប់ឲ្យសងសំណងរដ្ឋប្បវេណីទៅដើមបណ្ដឹងរដ្ឋប្បវេណី ៕